Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 61 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំឈ្នានីសគ្នា កុំដេញថ្លៃទំនិញចោល កុំស្អប់ខ្ពើមគ្នា កុំបែរខ្នងដាក់គ្នា កុំលក់លើការលក់របស់អ្នកដទៃ(ដណ្ដើមភ្ញៀវពីគ្នា) ហើយត្រូវធ្វើជាខ្ញុំបម្រើអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា។ អ្នកមូស្លីមគឺជាបងប្អូននឹងអ្នកមូស្លីម មិនប្រព្រឹត្ដអយុត្ដិធម៌ចំពោះគ្នា មិនបោះបង់ចោលការជួយគ្នា និងមិនមើលងាយគ្នាឡើយ។ ការកោតខ្លាចអល់ឡោះ គឺស្ថិតនៅត្រង់នេះ(លោកចង្អុលទៅទ្រូងរបស់លោកបីដង)។ គ្រប់គ្រាន់ហើយប្រការអាក្រក់របស់អ្នកមូស្លីម ប្រសិនបើគេមើលស្រាលបងប្អូនរបស់ខ្លួនជាអ្នកមូស្លីម។ រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីមត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ទ្រព្យសម្បត្ដិរបស់គេ និងកិត្ដិយសរបស់គេ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានផ្តាំផ្ញើអ្នកមូស្លីមឱ្យធ្វើល្អចំពោះបងប្អូនមូស្លីមរបស់ខ្លួន និងបានបញ្ជាក់ពីកាតព្វកិច្ចនិងសុជីវធម៌មួយចំនួនដែលត្រូវប្រតិបត្តិចំពោះគ្នា ក្នុងចំណោមនោះមានដូចជា៖ ទីមួយ៖ កុំឈ្នានីសគ្នា ដោយការប្រាថ្នាឱ្យឧបការគុណ(នៀកម៉ាត់)របស់អ្នកដទៃបាត់បង់។ ទីពីរ៖ កុំដេញថ្លៃទំនិញចោល តាមរយៈការដំឡើងថ្លៃទំនិញទាំងដែលខ្លួនគ្មានបំណងចង់ទិញឲ្យសោះ ដោយគោលបំណងគ្រាន់តែចង់ជួយដល់អ្នកលក់ ឬធ្វើឱ្យប៉ះពាល់ដល់អ្នកទិញ។ ទីបី៖ កុំស្អប់ខ្ពើមគ្នា ពោលគឺ ប្រាថ្នាអាក្រក់លើអ្នកដទៃ ដែលផ្ទុយពីសេចក្តីស្រឡាញ់។ លើកលែងតែការស្អប់ខ្ពើមគ្នាក្នុងបុព្វហេតុអល់ឡោះប៉ុណ្ណោះ ក្នុងករណីនេះវាជាកាតព្វកិច្ច។ ទីបួន៖ កុំបែរខ្នងដាក់គ្នា ងាកចេញពីគ្នា និងបោះបង់គ្នាចោល។ ទីប្រាំ៖ កុំលក់លើការលក់របស់អ្នកដទៃ(ដណ្តើមភ្ញៀវរបស់អ្នកដទៃ) ដោយការនិយាយទៅកាន់អ្នកដែលទើបទិញទំនិញថា៖ ខ្ញុំមានទំនិញដូចនេះដែរដែលមានតម្លៃថោកជាង ឬល្អជាងក្នុងតម្លៃដូចគ្នា។ បន្ទាប់មក ណាពី ﷺ លោកបានផ្តាំផ្ញើនូវពាក្យទូន្មានរួមមួយដោយលោកបានមានប្រសាសន៍ថា៖ ចូរធ្វើដូចបងប្អូនដោយបោះបង់ចោលនូវអ្វីដែលត្រូវបានហាមឃាត់ខាងលើ និងបង្ហាញនូវក្តីស្រឡាញ់ ភាពទន់ភ្លន់ ក្តីអាណិតអាសូរ ភាពស្និទ្ធស្នាល និងការសហការគ្នាលើប្រការល្អ ព្រមទាំងមានចិត្តស្អាតស្អំ និងទូន្មានគ្នាគ្រប់កាលៈទេសៈ។ ក្នុងចំណោមលក្ខខណ្ឌនៃភាពជាបងប្អូននេះមានដូចជា៖ មិនត្រូវប្រព្រឹត្តអំពើអយុត្តិធម៌ និងរំលោភបំពានលើបងប្អូនមូស្លីមរបស់ខ្លួន។ មិនត្រូវទុកឱ្យបងប្អូនមូស្លីមរបស់ខ្លួនត្រូវគេបំពានដោយបោះបង់ការជួយដល់បងប្អូនរបស់ខ្លួនក្នុងពេលដែលខ្លួនមានសមត្ថភាពអាចជួយដល់ជននោះ និងបញ្ឈប់ការរំលោភបំពានលើជននោះបាន។ ហើយមិនត្រូវមើលងាយ បន្ទាបបន្ថោក និងមើលទៅកាន់បងប្អូនមូស្លីមរបស់ខ្លួនដោយក្រសែភ្នែកមើលស្រាលនោះឡើយ ដែលវាកើតចេញពីភាពក្រអឺតក្រទម ក្អេងក្អាងនៅក្នុងចិត្ត។ បន្ទាប់មកទៀត ណាពី ﷺ លោកបានបញ្ជាក់ចំនួនបីដងថា ការកោតខ្លាចទៅចំពោះអល់ឡោះជាម្ចាស់ គឺស្ថិតនៅក្នុងចិត្ត។ ជនណាហើយមានការកោតខ្លាចអល់ឡោះនៅក្នុងចិត្តដែលតម្រូវឱ្យមានចរិយាមាយាទល្អ ខ្លាចអល់ឡោះ និងមានការប្រុងប្រយ័ត្ន នោះរូបគេនឹងមិនមើលងាយជនមូស្លីមណាម្នាក់ឡើយ។ គ្រប់គ្រាន់ហើយសម្រាប់រូបគេដែលមានចរិតអាក្រក់ និងអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើម នៅពេលដែលគេមើលងាយបងប្អូនមូស្លីមរបស់ខ្លួន ព្រោះនេះគឺដោយសារតែភាពក្អេងក្អាងដែលមាននៅក្នុងចិត្តរបស់គេ។ ក្រោយមក ណាពី ﷺ លោកបានបញ្ជាក់បន្ថែមទៅលើអ្វីដែលបានលើកឡើងខាងលើថា រវាងអ្នកមូស្លីមទាំងអស់នឹងអ្នកមូស្លីម គឺត្រូវបានហាមឃាត់ចំពោះឈាមរបស់គេ ដោយមិនត្រូវរំលោភបំពានលើគេតាមរយៈការសម្លាប់ ឬអ្វីដែលស្រាលជាងនេះ ដូចជាការធ្វើឱ្យមានរបួស ការវាយដំ និងអ្វីដែលស្រដៀងគ្នានេះ។ ក៏ដូចគ្នាដែរ ចំពោះទ្រព្យសម្បត្តិរបស់គេ ដោយមិនត្រូវយកទ្រព្យសម្បត្តិរបស់គេដោយខុសច្បាប់ឡើយ ហើយក៏ដូចគ្នាផងដែរចំពោះកិត្តិយសរបស់គេ ដោយមិនត្រូវនិយាយអាក្រក់ពីគេ ឬពូជពង្សរបស់គេឡើយ។

Source
رواه مسلم
Download image

Saved at original quality